គួរឱ្យយោគយល់ផងដែរ ! លោករដ្ឋលេខាធិការក្រសួងកសិមម្ម ចេញមុខសូមទោសគ្រួសារជនរងគ្រោះ ករណីព្រួតវាយដល់បន្ទប់រៀន​

0
435

ភ្នំពេញ៖ លោក ណី លន់ រដ្ឋលេខាធិការ ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ ក្នុងវ័យជាង៧០ឆ្នាំ បានសម្ដែងនូវកាយវិការ វាចា ចិត្ត​ សូមទោសនូវរាល់កំហុសឆ្គងរបស់កូនប្រុស កូនក្មួយ និងបក្ខពួក ប្រព្រឹត្តិសកម្មភាព កេណ្ឌគ្នាទៅវ៉ៃជនរងគ្រោះដល់បន្ទប់ថ្នាក់រៀន។

នេះបើតាមការអះអាងពីក្រុមគ្រួសារជនរងគ្រោះ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ដោយភាគីខាងជនរងគ្រោះសម្រេចដកពាក្យបណ្តឹង ហើយមិនទទួលសំណងជំងឺចិត្តមួយសេននោះទេ ខណៈឃើញឪពុកជនបង្ក គាត់មានវ័យចំណាស់ និងជាអ្នកមានមុខ មានមាត់ក្នុងស្ថាប័នរដ្ឋ តែឥរិយាបថទន់ភ្លន់​គួរឱ្យគោរព​ បានមកសូមទោសគ្រួសារជនរងគ្រោះដល់កន្លែងសមត្ថកិច្ចទល់មុខគ្នា ហើយគាត់បង្ហាញ ពីខកចិត្តនូវទង្វើមិនគម្បីរបស់កូនគាត់​ និងបក្ខពួក ប្រព្រឹត្តទៅលើជនរងគ្រោះ។


ការសូមទោសនេះ​ ធ្វើឡើងនៅចំពោះមុខសមត្ថកិច្ច និងសាកលវិទ្យាធិការ នៃសកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង មានលាយលក្ខណ៍អក្សរ បញ្ចៀសការគុំកួនគ្នាកើតឡើងនៅថ្ងៃក្រោយ។ គួររំលឹកថា​ សកម្មភាពហិង្សានោះ​ បានកើតឡើងកាលពីវេលាម៉ោង៩ និង៤៥នាទីព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ នៅក្នុងបន្ទប់រៀននៃសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង គឺបន្ទប់ ៤ VMB រៀនមុខវិជ្ជា វេជ្ជសាស្ត្របក្សី ដែលមានលោកគ្រូឈ្មោះ ធីម សុខា ជាអ្នកបង្រៀន ។

ជនបង្កមានឈ្មោះ ណី សៅសុវណ្ណ ជាកូនបង្កើតរបស់ លោក ណី លន់ រដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ និងឈ្មោះ នូច ចាន់ណារិទ្ធ ត្រូវក្មួយ និងជាបងជីដូនមួយរបស់ ណី សៅសុវណ្ណ ជាមួយ និងក្រុមគូកន ចំនួន៣នាក់ ទៀត សរុបទៅមានគ្នាប្រហែល៥នាក់។

ជនរងគ្រោះឈ្មោះ ក្រាម ស៊ីង អាយុ២៣ឆ្នាំ ជានិស្សិតប្រុស ឆ្នាំទី៤ រៀនផ្នែកវេជ្ជសាស្ត្រសត្វ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង , តាមប្រភពព័ត៌មានថា​ ជនរងគ្រោះឈ្មោះ ក្រាម ស៊ីង ជាកូនរបស់មន្ត្រីមេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញ៕