អ៉ីរ៉ង់ អះអាងថា យោធាអាមេរិកជាង ៨០នាក់​ បានស្លាប់ក្នុងការវាយប្រហារដោយគ្រាប់មីស៊ីល​ ខណៈអាមរិកថា គ្រាប់ធ្លាក់មិនចំគោលដៅ

0
543

ទូរទស្សន៍រដ្ឋអ៉ីរ៉ង់ បានអះអាងថា យោធាអាមេរិកជាង ៨០នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយមីស៊ីលរបស់កងទាហានអ៉ីរ៉ង់​ ទៅលើមូលដ្ឋានទ័ពអាមេរិកចំនួន២ នៅលើទឹកដី អ៉ីរ៉ាក់ នៅព្រឹកថ្ងៃទី០៨​ ខែមករា​ ឆ្នាំ២០២០នេះ​ ខណៈ យោធាអ៉ីរ៉ាក់​ បានធ្វើកំណត់ត្រាថា​ មីស៊ីលសរុបចំនួន២២គ្រាប់បានហោះមកពីអ៉ីរ៉ង់ ហើយធ្លាក់ចំលើមូលដ្ឋានយោធាពីរកន្លែងនៅក្នុងទឹកដីរបស់ខ្លួន (មូលដ្ឋានទ័ពអាមេរិកប្រចាំនៅលើទឹកដីអ៉ីរ៉ាក់)​ ប៉ុន្តែមិនបានបង្កគ្រោះថ្នាក់ដល់កងទ័ពអ៉ីរ៉ាក់ណាម្នាក់ឡើយ។​  

ពាក់ព័ន្ធនឹងការប្រយុទ្ធដោយគ្រាប់មីស៊ីលនេះ​ ខាងមន្ទីរបញ្ចកោណមិនទាន់ធ្វើការធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ ខណៈបើតាមសារព័ត៌មាន CNN សម្រង់ព័ត៌មានថា​ គ្រាប់មីស៊ីលរបស់អ៉ីរ៉ង់ធ្លាក់ចំតំបន់គ្មានយោធាអាមេរិកស្ថិតនៅនោះទេ តែថា យោធាអ៉ីរ៉ាក់អាចនឹងមានអ្នកស្លាប់ទៅវិញ។

បើតាមការចេញផ្សាយរបស់សារព័ត៌មាន Sputnik នៅថ្ងៃពុធ ទី០៨ ខែមករា ឆ្នាំ២០២០ បង្ហាញថា​ នៅថ្ងៃពុធនេះ​ អ៉ីរ៉ង់បានបាញ់មីស៊ីលរាប់សិបគ្រាប់ស្រោច លើមូលដ្ឋានទ័ពអាមេរិកចំនួនពីរនៅក្នុងប្រទេសអ៉ីរ៉ាក់ ជាការសងសឹកឱ្យវិញ្ញាណក្ខន្ធរបស់លោកមេទ័ព កាស្សេម សូឡីមេនី (Qassem Soleimani) ដែលត្រូវបានអាមេរិកសម្លាប់ កាលពីថ្ងៃសុក្រសប្ដាហ៍មុន។

ព្រមពេលជាមួយគ្នានេះ​ អ៉ីរ៉ង់បានអះអាងថា នេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ ហើយថា​ ខ្លួននឹងបើកការវាយប្រហារលើទីក្រុងឌូបៃ នៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម និងទីក្រុង ហាអ៉ីហ្វា (Haifa) របស់ប្រទេសអីស្រាអែល ហើយអាចនឹងវាយប្រហារ ទ្រង់ទ្រាយធំ ទៅលើទឹកដីអាមេរិកតែម្ដង បើសិនជាទីក្រុងវ៉ាស៊ីនតោនហ៊ានចាត់វិធានការសងសឹក ស្របពេលយន្ដហោះចម្បាំងអាមេរិក និងអ៉ីរ៉ង់​ ត្រូវបានគេរាយការណ៍ ថាកំពុងស្ថិតនៅ ក្រោមលក្ខណៈប្រុងជើងការកម្រិតខ្ពស់។

បើតាមប្រភពផ្សេងទៀត​ អះអាងថា​ នៅថ្ងៃពុធនេះ អ៉ីរ៉ង់បានបាញ់មីស៊ីល ៣០គ្រាប់ស្រោចលើមូលដ្ឋានទ័ពអាមេរិក ចំនួនពីរនៅក្នុងប្រទេសអ៉ីរ៉ាក់ គឺមូលដ្ឋានទ័ពអាមេរិក អេនអាល់អាស្សាដ (Ain al-Asad) នៅក្នុងខេត្ត អានបា (Anbar) និងមូលដ្ឋានទ័ពមួយទៀត​ នៅក្នុងទីក្រុង អ៉ីប្រ៊ីល (Erbil)។ ប៉ុន្តែ មន្ទីរបញ្ចកោណអះអាងថា មានតែ ១៥គ្រាប់ប៉ុណ្ណោះ ហើយអ៉ីរ៉ាក់ ថា២២គ្រាប់។

ទោះជាយ៉ាងណា​ បណ្តាញសារព័ត៌មាននៅសហរដ្ឋអាមេរិក បានចុះផ្សាយថា​ ពុំមានកងទ័ពអាមេរិកណាម្នាក់ បានបាត់បង់ជីវិតនោះឡើយ ព្រោះបាញ់ចំកន្លែងដែលពុំមានវត្តមានយោធាអាមេរិក។ ក្រោយវាយប្រហារ អ៉ីរ៉ង់បានបញ្ជាក់ទៀតថា ការវាយប្រហារនេះ​ គឺជាការចាប់ផ្ដើម តាមពាក្យសន្យាសងសឹកឱ្យវិញ្ញាណក្ខន្ធរបស់លោកមេទ័ព Qassem Soleimani ដែលត្រូវបានអាមេរិកសម្លាប់កាលពីថ្ងៃសុក្រសប្ដាហ៍មុន៕  

LEAVE A REPLY

Please enter your comment!
Please enter your name here