បិទបញ្ចប់ប្រតិបត្តិការសង្គ្រោះ​ មានជនរងគ្រោះ ៥៩នាក់ ស្លាប់៣៦នាក់​ ខណៈអ្នកស្លាប់ទទួលបាន…​

0
288

ខណៈបិទបញ្ចប់ការុករកជនរងគ្រោះនៅក្នុងគំនរបាក់បែកនៃការរលំអគារកម្ពស់៦ជាន់នៅខេត្តកែបនោះ​ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីកម្ពុជា​ ដែលចុះជាប់នៅក្នុងប្រតិបត្តិការសង្គ្រោះនេះ​ បានបង្ហាញរបាយការណ៍ចុងក្រោយដែលទទួលបានមកទល់ថ្ងៃទី០៥ ខែមករា ឆ្នាំ ២០២០ វេលាម៉ោង២:០០ រសៀលនេះ គឺសរុបជនរងគ្រោះដែលសង្រ្គោះយកចេញបានពីអគារ​ គឺមានចំនួន ៥៩នាក់ ក្នុងនោះមានជនរងគ្រោះស្លាប់៣៦នាក់ (ស្រី១៤នាក់) និងជនរងគ្រោះដែលមានជីវិតនៅរស់​ គឺមាន ២៣នាក់ (ប្រុស១៥ និងស្រី៨នាក់)។ ​

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ប្រតិបត្តិការរុករក និងជួយសង្គ្រោះនេះ ត្រូវបានបិទបញ្ចប់នៅម៉ោង ១១:៣៥ នាទីព្រឹក ដោយប្រើរយៈពេល៤៣ម៉ោង​ ហើយនៅពេលនេះ ការសម្អាតគំនរបាក់បែកក៏ត្រូវបានពង្រាបដល់បាតក្រោមផ្ទាល់ដីដែរ។​

ឆ្លើយតបទៅនឹងមតិមួយចំនួនដែលបានលើកឡើងថា ហេតុអី្វប្រតិបត្តិការនេះត្រូវប្រើពេលយូរម្ល៉េះ? សម្តេចតេជោ បានបញ្ជាក់ថា យើងមិនអាចធ្វើដោយទទឹងទិសនោះទេ ពោលគឺ​ ពេលណាដែលយើងសង្ស័យថាមានអ្នកនៅរស់ គឺយើងត្រូវបញ្ឈប់គ្រឿងចក្រ ហើយត្រូវរកវិធីដើម្បីជួយសង្គ្រោះជីវិតមនុស្ស។ ម្យ៉ាងវិញទៀត យើងក៏ត្រូវគោរពទៅលើសពផងដែរ យើងមិនអាចឱ្យគ្រឿងចក្រកាយទៅប៉ះពាល់ដល់សពឡើយ។

ចំពោះការជួយឧបត្ថម្ភទៅលើបងប្អូនជនរងគ្រោះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសឧបត្ថម្ភថវិកាដែលទទួលបានពីសប្បុរសជន គឺសំរាប់អ្នកដែលរងរបួស ទទួលបាន១ម៉ឺនដុល្លារ។ ដោយឡែកករណីពិសេសនៃការជួយសង្គ្រោះប៉ុន្មាននាក់ចុងក្រោយនេះ គឺម្នាក់ៗទទួលបាន២ម៉ឺនដុល្លារ។ សំរាប់គ្រួសារសពជនរងគ្រោះម្នាក់ៗទទួលបាន៥ម៉ឺនដុល្លារ និងបន្ថែម១០លានរៀលទៀត​សម្រាប់ពិធីបុណ្យសព។ ​

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់កម្លាំងប្រតិបត្តិការទាំងអស់ មិនថា​ តែខេត្តកែប​ នោះទេ គឺមកពីបណ្តាខេត្តនានាផងដែរ, ហើយសូមគោរពថ្លែងនូវអំណរព្រះគុណយ៉ាងខ្ពង់ខ្ពស់បំផុតដល់ ព្រះមហាក្សត្រកម្ពុជា និង សម្តេចម៉ែ ដែលព្រះអង្គទាំងទ្វេតែងតែយកព្រះទ័យទុកដាក់អំពីសុខទុក្ខប្រជារាស្ត្រ ហើយព្រះអង្គក៏បានចូលរួមជាព្រះរាជអំណោយថវិកា ក្នុងការជួយដល់បងប្អូនជនរងគ្រោះនៅក្នុងឧប្បទ្ទវហេតុដ៏រន្ឋត់នេះផងដែរ។  

គួរបញ្ជាក់ថា ហេតុការណ៍រន្ធត់នៃការបាក់អគារកម្ពស់ ៦ជាន់ នេះ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប កើតឡើងនារសៀលម៉ោង៤និង៣០នាទី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ តាមព័ត៌មានបឋមឱ្យដឹងថា មានមនុស្សប្រមាណជា៣០នាក់ កំពុងជាប់ក្នុងគំនរថ្ម ជាមួយការជួយអន្តរាគមន៍ពី មន្ត្រីអាជ្ញាធរ និងស្ថាប័នជំនាញ កំពុងកាយរុករក តែមកដល់ពេលចុងក្រោយនេះ គឺ មានមនុស្សចំនួន ៥៩នាក់ ក្នុងនោះមានជនរងគ្រោះស្លាប់៣៦នាក់ (ស្រី១៤នាក់) និងជនរងគ្រោះដែលមានជីវិតនៅរស់​ គឺមាន ២៣នាក់ (ប្រុស១៥ និងស្រី៨នាក់)៕​