សម្ដេចតជោ​ ហ៊ុន​ សែន​ បញ្ជាឱ្យសាងសង់ផ្សារគំរូព្រំដែន ចំនួន២បន្ថែមទៀត ជាចលករប្រាក់ចំណូល

0
187

បន្ទាប់ពីបង្កើតបាននូវសមិទ្ធផលប្រវត្តិសាស្ត្រ ផ្សារគំរូព្រំដែនកម្ពុជាក្នុងខេត្តត្បូងឃ្មុំដ៏មានអត្ថប្រយោជន៍រួចមក​សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីកម្ពុជា​ បានប្រកាសពីគម្រោងសាងសង់ផ្សារគំរូព្រំដែនថ្មីបន្ថែមចំនួន២ទៀត នៅខេត្តជាប់ព្រំដែនវៀតណាម គឺខេត្តស្វាយរៀង និងខេត្តកំពត ដែលអាចនឹងប្រើប្រាស់ថវិកាជាតិ ដើម្បីសាងសង់ផ្សារគំរូថ្មីទាំង២នេះ ដោយមិនចាំបាច់ពឹងភាគីវៀតណាម។

ប្រមុខរាជរដ្ឋាភិបាល​ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ការសាងសង់ផ្សារគំរូនេះ [ផ្សារគំរូព្រំដែនក្នុងខេត្តត្បូងឃ្មុំ] ប្រៀបបានដំរីផើម ចាប់ផ្តួចផ្តើមគំនិតចាប់ពីឆ្នាំ២០០៩ ដែលមកដល់ពេលនេះ ប្រើពេល១០ឆ្នាំ ក្នុងការចរចា គ្រាន់តែគណៈប្រតិភូដូរទៅវិញទៅមក ប្រហែលជាចំណាយអស់ស្មើនឹងពាក់កណ្តាលផ្សារ។ អីចឹងទេ បានជាខ្ញុំចង្អុលបង្ហាញ ផ្សារដែលគ្រោងធ្វើនៅក្នុងខេត្តស្វាយរៀង និងកំពត គប្បីប្រើថវិកាជាតិរបស់កម្ពុជាធ្វើតែម្តងទៅ ពិតមែនតែយើងបានដាក់សំណើ ទៅមិត្តវៀតណាមហើយ សុំឲ្យជួយសង់ផ្សារនៅ​ កំពត និងស្វាយរៀង តែឥឡូវនេះមិនទាន់មានចម្លើយពីមិត្តវៀតណាមទេ ប៉ុន្តែខ្ញុំចង្អុលបង្ហាញថា កម្ពុជាគប្បីធ្វើខ្លួនឯង»

សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី លើកឡើងបែបនេះ ក្នុងពេលអញ្ជើញជាអធិបតីសម្ពោធផ្សារគំរូព្រំដែនកម្ពុជាខេត្តត្បូងឃ្មុំ (ដោះដូរទំនិញរវាង កម្ពុជា-​វៀតណាម) នាព្រឹកថ្ងៃទី២៤​ ខែធ្នូ​ ឆ្នាំ២០១៩​ ត្រង់ចំណុចតំបន់សេដ្ឋកិច្ចពិសេសថារីត្បូងឃ្មុំ ភូមិដារកណ្តោល ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ លើផ្ទៃដីទំហំជិត២ហិកតា ចម្ងាយប្រមាណជា ៣០០ម៉ែត្រពីព្រំដែនកម្ពុជា-វៀតណាម។  ក្នុងពេលដែលចាប់ផ្ដើមគម្រោងនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យក្រសួង និងអាជ្ញាធរពាក់ព័ន្ធចាប់ផ្តើមរៀបចំគូរប្លង់ និងរៀបចំដីឲ្យបានរួចជាស្រេច ដើម្បីធ្វើយ៉ាងណាដំណើរការឲ្យបានឆាប់ កុំរង់ចាំយូរទៀត។ សម្តេចបានណែនាំផងដែរ ឲ្យក្រសួងពាណិជ្ជកម្ម និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ធ្វើការឲ្យបានជិតស្និទជាមួយភាគីវៀតណាម ដើម្បីឲ្យស្រុះស្រួលទាំងអស់គ្នា ធានាឲ្យបានថា ការសាងសង់ផ្សារគំរូព្រំដែន មានដំណើរការដោះដូរពាណិជ្ជកម្មរវាងគ្នានិងគ្នាបានល្អ នៅជិតនឹងច្រកព្រំដែនកម្ពុជា-វៀតណាម៕​