ជន​ត្រូវ​ចោទ​ ង៉ែត​ លីទី​ ឃុំខ្លួន​៤ខែ​​ ត្រូវ​សម្រេច​ដាក់​ព័ន្ធ​នាគារ​៤ខែ​ជា​បណ្ដោះ​អាសន្ន​

0
318

យុវជនម្នាក់ដែលប្រើប្រាស់អំពើហិង្សា លើតារាចម្រៀង​ នាយចឺម ត្រូវបានចៅក្រមស៊ើសួរ ខេត្តប៉ៃលិន ចេញដីកាបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគារបណ្ដោះអាសន្នរយៈពេល ៤ខែ កាលពីថ្ងៃទី២០​ ខែធ្នូ ឆ្នាំ២០១៩​​ នេះ​ រង់ចាំមានបទបញ្ជា​ ឬចំណាត់ការថ្មីពីតុលាការ​ ដោយតម្រូវឱ្យសមត្ថកិច្ចសាធារណៈទាំងអស់អនុវត្តឱ្យបានម៉ឺងម៉ាត់​តាមច្បាប់ ។  

លោក​ តាន់​ គឹមហៀក​ ចៅក្រមស៊ើសួរ ខេត្តប៉ៃលិន បានបញ្ជាក់ក្នុងដីកាថា​ ជនត្រូវចោទ ង៉ែត លីទី ត្រូវដាក់ក្រោមការពិនិត្យពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនា» ប្រព្រឹត្តនៅចំណុចបុរីម្កុដពេជ្រ ភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ តាមមាត្រា២១៨ និងមាត្រា៤១០ នៃក្រមព្រហ្មទណ្ឌ។

គួរជម្រាបថា តារាចម្រៀងនាយចឺម ត្រូវបានយុវជនម្នាក់ប្រើប្រាស់អំពើហិង្សា បណ្ដាលឲ្យរងរបួសត្រូវក្បាល និងដងខ្លួន នៅខេត្តប៉ៃលិន ហើយត្រូវបានគេបង្ហោះចែកចាយវីដេអូពេញក្នុងបណ្ដាញសង្គម Facebook។ មូលហេតុយ៉ាងណានោះ មិនទាន់មានសមត្ថកិច្ចណា បញ្ជាក់ឲ្យដឹងច្បាស់នៅឡើយទេ ប៉ុន្ដែព័ត៌មានដែលចែកចាយក្នុងហ្វេសប៊ុក​ អះអាងថា ពាក់ព័ន្ធរឿងស្នេហាត្រីកោណ​ គឺនាយចឺម​ បានឆាតនៅញ៉ែសង្សាររបស់យុវជន​ ង៉ែត​ លីទី​ ទើបគេវាយសំពងបណ្ដាលឱ្យរងរបួយបែបនេះ គួឱ្យសោកស្ដាយ៕​